<—>
នាយកប្រតិបត្តិនៃអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា គោលបំណងសំខាន់នៃលិខិតចំហនេះ គឺចង់ឲ្យអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ ងាកមកចាប់អារម្មណ៍ និងគិតគូរស្វែងរកដំណោះស្រាយចំពោះវិបត្តិនៃការអត់ឃ្លានសព្វថ្ងៃនៅកម្ពុជា ជាពិសេសប្រជាកសិករក្រីក្រ ជនជាតិដើមភាគតិច ដែលរងគ្រោះដោយសារការរំលោភបំពានយកដីធ្លី ក្រោមរូបភាពការអភិវឌ្ឍ និងការកាប់បំផ្លាញព្រៃសហគមន៍ ដែលជាកន្លែងអាស្រ័យផល របស់ពួកគេ តាំងពីដូនតាមក៖ «តាមរយៈអង្គការហ្វាវ (FAO) ប្រចាំកម្ពុជា ដែលធ្វើការវិស័យ ស្បៀងអាហាររបស់អង្គការសហប្រជាជាតិហ្នឹង ពាំនាំយកទុក្ខកង្វល់ ដែលជាការព្រួយបារម្ភ និងសំណូមពរ និងអនុសាសន៍មួយចំនួន យកទៅជជែកនិងដាក់ជារបៀបវារៈក្នុងកិច្ចប្រជុំរបស់យូអិន នៅខែកញ្ញាក្រោយនេះ ដើម្បីឲ្យគេដឹងថា ប្រជាពលរដ្ឋខ្មែរ ជាពិសេស ជនជាតិដើមភាគតិច កសិករ កម្មករ កំពុងរងទុក្ខវេទនាពីប្រព័ន្ធស្បៀងអាហារនេះឯង។
<—>