ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៖ នាព្រឹកថ្ងៃទីដប់ប្រាំបួន ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារភីខេអេក ក្រោមអធិបតីភាពលោក មុំ រៀម ប្រធានក្រុមប្រឹក្សាភិបាលបានដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៣ សរុបអ្នកចូលរួម ១៨នាក់ ស្ត្រី៥នាក់។
ជាកិច្ចស្វាគមន៍ លោកស្រី ហេង ចន្ថាវី ប្រធានរដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញពីកម្មវិធីឆ្លុះបញ្ចាំងរយៈពេលមួយព្រឹកពេញ ដូចខាងក្រោម៖
ជាកិច្ចចាប់ផ្តើម លោកប្រធានក្រុមប្រឹក្សាភិបាលបានមានមតិស្វាគមន៍ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងគណៈគ្រប់គ្រងដែលបានដឹកនាំនិងអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ភីខេអេក ប្រកបដោយលទ្ធផលគួរអោយកត់សម្គាល់ ជាពិសេសការកៀងគរមូលនិធិសម្រាប់គាំទ្រស្ថាប័ន និងលើកទឹកចិត្តអោយមានសាមគ្គីភាពក្នុងចំណោមបុគ្គលិកតាមគម្រោងនីមួយៗ។
ជាកិច្ចបន្ទាប់ លោក ប៉ឹក សោភ័ណ នាយកប្រតិបត្តិ បានមានមតិស្វាគមន៍ និងបង្ហាញគោលបំណងនៃកម្មវិធីឆ្លុះបញ្ចាំងប្រចាំឆ្នាំនៃការអនុវត្តគម្រោងកន្លងមក ដោយបានរំលឹកពីប្រវត្តិនៃការបង្កើតអង្គការពន្លកខ្មែរ តាំងពីឆ្នាំ២០០៥ ដោយស្ថាបនិក លោក អាង ជាតិឡោម និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃឆ្នាំ២០០៨។ លុះខែសីហា ឆ្នាំ២០១៩ លោក អាង ជាតិឡោម បានលាលែងពីនាយកប្រតិបត្តិ លុះដល់ ខែកញ្ញា ឆ្នាំដដែល លោក ប៉ឹក សោភ័ណ ត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលតែងតាំងជានាយកគ្រប់គ្រងបន្តរហូតមកដល់បច្ចុប្បន្ន។